មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង
មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុងត្រូវបានផ្តួចផ្តើមកសាងឡើង ដោយសហគមន៍ ក្រោមការសម្របសម្រួល និងគាំទ្រពីអង្គការយុវសន្តិភាពចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ ដើម្បីរៀបចំ និងអភិរក្សទីតាំងប្រវត្តិសាស្រ្តខ្មែរក្រហម ក្នុងវត្តសំរោងក្នុងឱ្យទៅជាកន្លែងចងចាំ កន្លែងពិភាក្សា និងសិក្សារៀនសូត្រពីសន្តិភាពរបស់សហគមន៍។ គម្រោងនេះទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពី SDC IFA OSI ZIG DVV និងUSAID។
នៅឆ្នាំ ២០១៣ ដល់ ២០១៤ យុវសន្តិភាពបានទទួលជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រត្តិបត្តការ (Swiss Agency for Development and Cooperation) តាមរយៈអង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(VSS) ដើម្បីអនុវត្តគម្រោងមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍ ដែលជាគម្រោងរៀបចំថែរក្សា និងផ្លាស់ប្តូរទីតាំងប្រវត្តិសាស្ត្រនៃសម័យកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរក្រហមយកធ្វើជាគុក ជាកន្លែងធ្វើទារុណកម្ម និងកន្លែងកាប់សម្លាប់មនុស្ស ឱ្យទៅជាកន្លែងរំលឹកនៃការចងចាំ កន្លែងពិភាក្សា និងរៀនសូត្រពីសន្តិភាពសម្រាប់អនាគតរបស់សហគមន៍។ សកម្មភាពសំខាន់ៗ មួយចំនួនរួមមាន វេទិកាសាធារណៈ វេទិកាដើមបណ្តឹងរដ្ឋប្បវេណី វគ្គបណ្តុះបណ្តាលជំនាញហត្ថកម្ម ជំនាញកុំព្យូទ័រ កម្មវិធីបញ្ចាំងខ្សែភាពយន្ត កម្មវិធីវិទ្យុ កម្មវិធីបោះជំរុំយុវជន ទស្សនកិច្ចសិក្សា ពិធីបុណ្យបែបសាសនា និងការចងក្រងឯកសារប្រវត្តិសាស្រ្តនានាជាដើម ដោយផ្តោតសំខាន់លើការការអប់រំពីប្រវត្តិសាស្រ្ត កេរតំណែលនៃការចងចាំ យុត្តិធម៌អន្តរកាល ការផ្សះផ្សា អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ហគមន៍នាពេលបច្ចុប្បន្ន។ លើសពីនេះក៏បានសាងសងអាគារមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង ដែលជាគម្រោងសំណងរដ្ឋប្បវេណីមួយក្នុងគម្រោងសំណងផ្សេងៗ ទៀត សម្រាប់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដែលអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្តីខ្មែរក្រហម)ចេញសាលក្រមសម្រេចកាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៤ ក្នុងសំណុំរឿងលេខ០០២/០១ ប្រឆាំងនឹងលោក នួន ជា និងលោក ខៀវសំផន។
ក្នុងឆ្នាំ ២០១៥នេះ ក្រៅពីការងារអភិរក្សកេរតំណែលប្រវត្តិសាស្រ្ត មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង កំពុងអនុត្តន៍ការងាររបស់ខ្លួនដូចជា បង្កើតមណ្ឌលពត៌មានសម្រាប់សហគមន៍អាចស្វែងរកពត៌មានតាមរយៈ អ៊ីនធើណែត ការសែតប្រចាំថ្ងៃ ទូរទស្សន៍ វិទ្យុ និងអានឯកសារដែលមានក្នុងបណ្ណាល័យ និងបន្តអនុវត្តសកម្មភាពមួយចំនួនទៀតរួមមាន វគ្គណ្តុះបណ្តាលជំនាញហត្ថកម្ម ជំនាញកុំព្យូទ័រ វគ្គសិក្ខាសាលា កិច្ចប្រជុំពិភាក្សាបញ្ហាដែលកើតមានក្នុងសហគមន៍ ទស្សនកិច្ចសិក្សា ការរៃអង្គាថវិកា និងវគ្គបណ្តុះបណ្តាលកសាងសមត្ថមន្ថែមសម្រាប់យុវជន សិស្ស និស្សិត អាជ្ញាធរ និងប្រជាជនជាដើម ក្រោមជំនួយឧបត្ថម្ភពី DVV international តាមរយៈអង្គការយុវសន្តិភាព។
គួររំលឹកដែរថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបមួយដែលមានឈ្មោះផ្លូវការ “កម្ពុជាប្រជាធិបតេយ្យ”បានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៦ វត្តសំរោងក្នុងត្រូវបានប្រែក្លាយជាគុករបស់ខ្មែរក្រហមទាំងស្រុង។ ព្រះសង្ឃដែលបានគង់នៅវត្តនេះទាំងអស់ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក ហើយបង្ខំឳ្យ ធ្វើការងារផ្សេងៗ ជាទម្ងន់ ដូចជាជីកប្រឡាយ ដែលសព្វថ្ងៃនេះហៅថាប្រឡាយលោក។ តាមសម្តីអ្នកដែលត្រូវខ្មែរក្រហមចាប់មកដាក់ឃុំឃាំងនៅទីនេះ ដែលពួកគាត់នៅមានជីវិតរហូតដល់សព្វថ្ងៃនេះបានឳ្យដឹងថាសាលាបាយត្រូវបានខ្មែរក្រហម ធ្វើជាគុកសម្រាប់ដាក់អ្នកទោសកំរិតស្រាល។ រីឯសាលាធម្មសភាត្រូវបានប្រើសម្រាប់ឃុំឃាំងអ្នកទោសបុរសកំរិតធ្ងន់ ព្រះវិហារដែលកសាងនៅចុងសតវត្សរ៍ទី១៩ ត្រូវបានប្រើប្រាស់សម្រាប់ដាក់អ្នកទោសដែលភាគច្រើនជាស្រ្តីភេទ ហើយកុដិឈើធំមួយនៅលើកន្លែងព្រះវិហារថ្មីបានក្លាយជាកន្លែងស្នាក់របស់ខ្មែរក្រហម។ ចំណែកអាគារមួយចំនួនទៀតត្រូវបានប្រើជាកន្លែងធ្វើទារុណកម្មនិងសួរចម្លើយ។