រដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ថវិកាវិភាគទានថ្មីចំនួនជិត ១.៤លានដុល្លារសហរដ្ឋអាមេរិក (១.៣៨៥.៥៦៧) ដល់ភាគីអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម។
ជប៉ុនគឺជាប្រទេសផ្ដល់ជំនួយធំបំផុតរបស់សាលាក្ដីខ្មែរក្រហម។ រួមទាំងការប្រកាសថ្មីនេះផង ប្រទេសជប៉ុន បានផ្ដល់លុយវិភាគទានរបស់ខ្លួនដល់សាលាក្ដីខ្មែរក្រហមសរុបជាង ៨២លានដុល្លារហើយ។ ចំនួននេះ គឺស្មើនឹង ៣៦% នៃថវិកាជំនួយសរុបដែលសាលាក្ដីខ្មែរក្រហមទទួលបានពីម្ចាស់ជំនួយចាប់តាំងពីពេលដែលសាលាក្ដីកូនកាត់ខ្មែរ-អន្តរជាតិនេះមកបង្កើតឡើងមក។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ថវិការបស់ជប៉ុននេះ នឹងជួយសម្រាលខ្ទង់ចំណាយរបស់ភាគីអន្តរជាតិ ដែលត្រូវការចំនួនជិត ២៣ (២២.៩) លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៥។ ដោយឡែកខាងភាគីជាតិ ដែលត្រូវការចំនួន ៦លានដុល្លារក្នុងគម្រោងចំណាយរបស់ខ្លួន គឺនៅខ្វះនៅឡើយ ហើយក៏នៅរង់ចាំការអនុម័តខ្ទង់ចំណាយដែរ។
លោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០១៤ ភាគីជាតិ និងអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមបានប្រើប្រាស់ថវិកាអស់ចំនួនជិត ២០៥លាន (២០៤.៦) ដុល្លារហើយ។ ក្នុងនោះ ភាគីអន្តរជាតិចំណាយអស់ជាង ១៥០លាន (១៥៤.៩) ដុល្លារ ហើយភាគីជាតិចំណាយអស់ជិត ៥០លាន (៤៩.៦) ដុល្លារ។
នៅថ្ងៃពុធ ទី២១ មករា អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម គ្រោងធ្វើសវនាការរបស់ខ្លួនលើសំណុំរឿង ០០២ វគ្គ ២ ជាបន្តទៀត បន្ទាប់ពីបានផ្អាកអស់រយៈពេល ២សប្ដាហ៍ ដោយសារជនជាប់ចោទ ខៀវ សំផន ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
គាំទ្រដោយ - Supported by: